kalib9

អាណិតណាស់ បាត់កូនអាយុ៤ឆ្នាំខំដើររករហូត៥ឆ្នាំពេល រកឃើញហើយបែរជាលែងចង់យកធ្វើជាកូនវិញ ព្រោះ…

លោក Liu Quoqing និង​ប្រពន្ធ Zhang​ ជា​ជនជាតិ​ចិន​បាន​បាត់​កូនប្រុស​ម្នាក់​អាយុ​ជាង ៤​ឆ្នាំ​ឈ្មោះ Liu Qiangqiang ដែល​ជា​រឿងរ៉ាវ​ពិត​កាលពី​ជាង ១០​ឆ្នាំមុន ខណៈ​ពួកគាត់​កំពុង​ឈរ​រង់ចាំ​រថភ្លើង​ក្នុង​ទីក្រុង​ដើម្បី​ទៅ​សួរសុខទុក្ខ​បងប្អូន​សាច់ញាតិ​។​ពេល​ពួកគាត់​កំពុង​ទិញ​នំ​កញ្ចប់​នៅ​ស្ថានីយ​រថភ្លើង កូន​របស់​គាត់​បាន​​ដើរ​វង្វេង​បាត់​សូន្យឈឹងរ​ក​ពុំ​ឃើញ​​​ទាល់​តែ​សោះ​។

ឪពុក​ម្ដាយ​ចាប់ផ្ដើម​យំ​ផង ដើរ​រក​ផង ​តែ​មិនឃើញ​សូម្បី​ស្រមោល ធ្វើឲ្យ​ពួកគាត់​ពិបាកចិត្ត ខឹង​ខ្លួនឯង​ដែល​បណ្ដោយ​ឲ្យ​បាត់​កូន​បាត់ ​ដោយសារតែ​ការធ្វេសប្រហែស​តែ​មួយប៉ប្រិចភ្នែក​។ ពួក​គាត់​ដើរ​រក​គ្រប់​ទីកន្លែង និង​រង់ចាំ​នៅ​ស្ថានីយ​ពេញ​មួយថ្ងៃ រួច​បន្ត​ទៅ​រក​នៅ​តាម​ខេត្ត​ក្បែរ​ខាង​ក្រុង​ទៀត ប៉ុន្តែ​រក​មិនឃើញ​ដដែល​។​ដោយ​ក្ដី​បារម្ភ​ចំពោះ​កូន​ជាច្រើន​ថ្ងៃ អាណិតកូន​មិនដឹង​ជា​ស្លាប់​ឬ​រស់ គាត់​ប្រែ​ជាមាន​អាការៈ​ធុញថប់​មួម៉ៅ​តប់ប្រមល់​ដោយសា​រ​ក្ដី​កើតទុក្ខ​។ ជា​ច្រើន​ខែ​កន្លងទៅ ជា​សំណាងល្អ អ្នកស្រី Zhang សម្រាល​បាន​កូនស្រី​ស្រស់​ស្អាត​ម្នាក់​ទៀត ប៉ុន្តែ​ទោះ​បាន​កូនស្រី​នេះ ក៏​ពួកគាត់​នៅតែ​មាន​អារម្មណ៍​ថា គ្រួសារ​បាត់បង់​សមាជិក​ម្នាក់​ដដែល​ព្រោះ​គ្មាន​វត្ត​មាន​កូនប្រុស​។​

​ពួកគេ​ចិញ្ចឹមចិត្ត​បន្ត​ស្វែងរក មិន​ដែល​គិត​ចង់​បោះបង់ ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​រកឃើញ​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន​។ ពួកគាត់​ស្វែងរក​ទាល់តែ​ភ្លេច​រកស៊ី និង​ប្រកបការងារ​ផ្សេងៗ រហូត​ធ្វើឲ្យ​គ្រួសា​រធ្លាក់​ខ្លួនក្រ​គ្មាន​ចំណូល​។ ពេលវេលា​ចេះ​តែ​កន្លងផុតទៅ ៥​ឆ្នាំ អ្នកជិតខាង​គេ​បាន​រើ និង​ជួសជុលផ្ទះ​ថ្មី​ខ្ពស់​ប្រសើរ​ជាង​មុន ប៉ុន្តែ​គ្រួសារ​របស់ Liu រស់នៅ​ក្នុង​ផ្ទះ​តូច​ចាស់​ធ្លុះ​មុខ ធ្លុះ​ក្រោយ​ដដែល​។ លើសពីនេះ​ទៀត ការធ្វើដំណើរ​ស្វែងរក​កូនប្រុស បាន​ធ្វើឲ្យ​ពួក​គេ​អស់ប្រាក់​សន្សំ​ស្ទើរ​គ្មាន​សល់​។​

​ថ្ងៃមួយ នៅពេល Liu កំពុង​ជជែក​លេង​ជាមួយ​អ្នក​ចុង​ភូមិ​ខាងកើត​មាន​អ្នកជិតខាង​ម្នាក់​ឈ្មោះ សាន បាន​រត់​សំដៅ​មករក​គាត់ រួច​និយាយថា “​ពូ Liu ខ្ញុំ​បាន​ឃើញ​កូនប្រុស​របស់​ពូ​ហើយ​។ គេ​កំពុង​ទៅ​រៀន​នៅ​សាលាបឋមសិក្សា Diyi ប្រហែលជា​មាន​គេ​យក​ទៅ​ចិញ្ចឹម​ហើយ តោះ​ទៅ​មើល​ខ្លួនឯង​”​។ ក្រោយពី​ឮ​គេ​ប្រាប់​បែបនេះ លោក Liu មាន​អារម្មណ៍​ត្រេកអរ​ភ្លាម ប៉ុន្តែ​មិន​ទាន់​ជឿ​ទាំងស្រុង​ទេ ហើយ​បាន​សួរ​បញ្ជាក់ថា “​ឯង​ច្រលំ​ទេ​ដឹង​? រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ តើ​ឯង​នៅ​ចំណាំ​កូនប្រុស​ពូ​បាន​ទៀត​”?

​លោក សាន តប​វិញ​ថា “​ខ្ញុំ​ពិតជា​នៅចាំ​កូន​នេះ​បាន ខ្ញុំ​ធ្លាប់​បី​ពរ​ដោយ​ដៃ​ផ្ទាល់​ពេល​គេ​នៅ​ក្មេង ខ្ញុំ​ចាំ​ថា កូន​នោះ​មាន​ស្នាម​ដៅ​មួយ​លើ​ដៃ​។ ខ្ញុំ​ចាំ​មិន​ខុស​ទេ​។​” លោក Liu មិន​មាន​ហេតុផល​ណា​ត្រូវ​សង្ស័យថា សុខៗ លោក សាន ឯណា​ទៅ​បង្កើត​រឿង​ដ៏​រសើប​បែប​នេះ​ទេ​។ ដូច្នេះ​គាត់​សម្រេចចិត្តថា នឹង​ទៅ​ទីក្រុង​ដើម្បី​ផ្ទៀងផ្ទាត់​សិន មុន​ទៅ​ប្រាប់​ប្រពន្ធ​ឲ្យដឹង​។​​នៅ​ថ្ងៃ​បន្ទាប់ Liu បាន​ក្រោក​ពី​ព្រលឹម​ទៅ​ជិះ​រថភ្លើង​ម្នាក់ឯង​ទាំង​អន្ទះអន្ទែង​ចង់ឃើញ​មុខ​កូនប្រុស​។ ពេលទៅដល់ គាត់​បាន​សួរ​គេឯង​រក​ផ្លូវ​ទៅកាន់​សាលាបឋមសិក្សា Diyi ហើយ​បាន​រកឃើញ​ដូច​បំណង​។ ពេល​ទៅ​ដល់​សាលា គាត់​បាន​អង្គុយ​រង់ចាំ​កូន​នៅ​មុខ​ច្រក​ទ្វារ​ចូល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​រហូតដល់​ម៉ោង​សិស្ស​ចេញ​។​

​នាពេលនោះ មាន​ឪពុក​ម្ដាយ​ជាច្រើន​កំពុង​រង់ចាំ​កូន​ចេញពី​សាលារៀន​ដូច​គ្នា​នៅ​ខាង​ក្រៅ​របង​។ លោក Liu ក៏​ស្ថិត​ក្នុង​ចំណោម​ពួកគេ​ដែរ​។ គាត់​សង្ឃឹមថា ខ្លួន​នឹង​បាន​ឃើញ​កូនប្រុស​ដែល​បាត់​ខ្លួន​ជាច្រើន​ឆ្នាំ​នោះ​ម្ដងទៀត​។ ទីបំផុត កូនសិស្ស​ទាំងអស់​ក៏​ដល់​ម៉ោង​ចេញទៅ​ផ្ទះ​ពិតមែន​។ លោក Liu បាន​សម្លឹង​មើល​សិស្ស​ទាំងអស់​យ៉ាង​ប្រុងប្រយ័ត្ន​ដោយ​គ្មាន​ចន្លោះ​អ្នកណា​ម្នាក់​ឡើយ ​ទាំង​ក្ដី​អន្ទះសា​បើកភ្នែក​ធំៗ​។​

​រំពេច​នោះ កូនសិស្ស​ម្នាក់​ដែល​មាន​មុខ​ស្រដៀង​នឹង​កូន​ដែល​បាត់​ខ្លួន​ក៏​ចេញ​មក​មែន​ជាមួយ​សំលៀកបំពាក់​ស្អាតបាត​ដើរ​ទៅកាន់​ជ្រុង​ម្ខាង ហើយ​លោក Liu ក៏​មានចិត្ត​សប្បាយ​រីករាយ​ពន់ពេក​រហូត​ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន និង​ទប់​អារម្មណ៍​ក៏​មិន​ជាប់​។ ដោយ​ក្ដី​ចង់​ឃើញ​កូនប្រុស​ខ្លាំង គាត់​បាន​ប្រញាប់​ដើរ​ឆ្ពោះទៅ​រក​កូន​ប្រុស​ដើម្បី​បាន​កាន់​កូនដៃ​ផ្ទាល់​។​ប៉ុន្តែ​ស្រាប់តែ​ពេលនោះ មាន​តា​ចំណាស់​ម្នាក់​បាន​ដើរ​មក​កាត់​មុខ​គាត់ និង​ទៅយក​ក្មេង​ប្រុស​នោះ​បាន​មុន​។ តា​ចាស់​ដដែល បាន​ជួយ​ពាក់អាវ​ធំ​ឲ្យ​ក្មេង ឲ្យ​កញ្ចប់​អាហារ​ខ្លះទៅ​គេ រួច​នាំ​គេ​ឡើង​ជិះ​រថយន្ត​ជាមួយ​គ្នា​ទៅ​បាត់​ទៅ​។ Liu ប្រែ​ទឹក​មុខជា​ស្រងាកចិត្ត​ភ្លាម មិន​អស់​ចិត្ត​ ប៉ុន្តែ​ក្នុង​ចិត្ត​មិន​ចង់​បាត់បង់​កូនប្រុស​ខ្លួន​ទៀត គាត់​ក៏​ប្រញាប់​ឡើង​ជិះ​តាក់ស៊ី​ឲ្យ​អ្នកបើកប​រតាម​រថយន្ត​កូនប្រុស​នោះ​​​យ៉ាង​ស្អិត​។​

​ទីបំផុត គាត់​បាន​តាម​ទៅ​ដល់​ផ្ទះ​​​ដ៏​ស្ដុកស្ដម្ភ​មួយ​។ រថយន្ត​របស់​តា​ចាស់​បាន​បើក​ចូល​ផ្ទះ​នោះ​។ ក្រោយ​ឃើញបែបនេះ Liu បាន​ឲ្យ​តាក់ស៊ី​បើកទ្វារ ​ដើរចេញ បម្រុង​ចូល​ផ្ទះ​នោះ​ដែរ ប៉ុន្តែ​ត្រូវបាន​សន្តិសុខ​យាម​ផ្ទះ​ម្នាក់​រារាំង​មិន​ឲ្យចូល​។ គាត់​បាន​រកឃើញថា ក្មេង​ប្រុស​នោះ​ពិតជា​កូន​ខ្លួន​ដែល​បាត់​​​ទៅ​ជាង​ ៥ឆ្នាំ​នោះ​ប្រាកដ​មែន​។ ដោយ​មិន​ដឹង​រក​វិធី​ណា​ចូល​ផ្ទះ​នោះ​បាន គាត់​ក៏​ត្រលប់​ទៅ​ភូមិ​កំណើត​វិញ និង​បាន​រៀបរាប់​ប្រាប់​ដំណឹង​ល្អ​នេះ​ទៅ​កាន់​ប្រពន្ធ​ខ្លួន និង​ពិភាក្សា​គួរ​ធ្វើ​យ៉ាងណា​ទើប​អាច​នាំ​កូន​ត្រលប់មក​ផ្ទះ​វិញ​បាន​។​

​មកដល់​ចំណុច​នេះ អ្នកស្រី Zhang បែរជា​មាន​កូន​ចិត្ត​មួយ​ធ្វើឲ្យ​គាត់​និយាយ​ឡើងថា «បង​! យើង​គួរតែ​ឲ្យ​កូន​ទៅ​ចុះ​! Qiangqiang បាន​បែក​ពី​យើង​ជាង ៥​ឆ្នាំ​ហើយ គេ​ប្រហែល​មិន​អាច​ចំណាំ​យើង​បាន​ទេ​។ លើសពីនេះ គេ​រស់នៅ​ជាមួយ​គ្រួសារ​ល្អ ហើយ​គ្រួសារ​ថ្មី ពួកគេ​ក៏​បាន​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ក្មេង​ដូច​កូន​របស់​ខ្លួន​អីចឹង​។ ប្រសិនបើ​យើង​យក​កូន​នោះ​មក គេ​មិន​ត្រឹមតែ​ទទួលរងសម្ពាធ​​ផ្លូវចិត្ត​បែកបាក់​គ្រួសារ​ថ្មី​ទេ ថែម​ទាំង​លំបាក​វេទនា​ជាមួយ​ជីវភាព​ក្រីក្រ​យើង​ថែមទៀត​។ គេ​មិន​ទាន់​ស៊ាំ​នឹង​ការរស់នៅ​របស់​យើង​ទេ​។ អូន​មិន​ជឿថា គេ​នឹង​វិល​ត្រលប់​មក​រស់នៅ​ជាមួយ​យើង​វិញ​ទេ​»​។​

Liu បាន​ស្ដាប់​ហើយ​មាន​អារម្មណ៍​ភ្ញាក់​ព្រើត ហើយ​តប​វិញ​ថា “​តើ​អូន​ឆ្កួត​មែន​ទេ​? តើ​អូន​មិន​ចង់ឲ្យ​កូន​ប្រុស​យើង​មកវិញ​ទេ​?” អ្នកស្រី Zhang បញ្ជាក់​ម្ដងទៀត​ថា “​អូន​មិន​ឆ្កួត​ទេ​! ដំបូង​ពេល​បាត់​កូន អូន​ស្ទើរតែ​ឆ្កួត​ម្ដងៗ ប៉ុន្តែ​ពេល​នេះ​យើង​គួរ​រីករាយ​ពេល​បាន​ឃើញ​កូន​នៅ​ជាមួយ​បុរស​ជា​អ្នក​មាន ​អាច​ផ្ដល់​អនាគត​ល្អ​ឲ្យ​កូន​។ យើង​ក៏​អាច​ទៅ​មើល​គេ​រាល់ថ្ងៃ​បាន​ដែរ​ប្រសិនបើ​យើង​ចង់ រហូត​គេ​ធំ​មាន​សេចក្ដីសុខ តើ​យើង​មិន​សប្បាយ​ចិត្ត​ទេឬ​”?

Loading...

Liu បាន​យល់ព្រម​នូវ​អ្វី​ប្រពន្ធ​និយាយ ប៉ុន្តែ​មិន​យល់​រឿង​មួយ គឺ​ចង់ឃើញ​មុខ​កូន​រាល់​ថ្ងៃ​ប៉ុន្តែ​មាន​ប្រាក់​ឯណា​ទិញ​សំបុត្រ​ជិះ​រថភ្លើង​ទៅ​មើល​កូន​រាល់​ថ្ងៃ​នោះ​? អ្នកស្រី Zhang បាន​រក​នឹក​មួយស្របក់ រួច​បង្ហើប​ជា​យោបល់​ថា “​យើង​អាច​ចាប់ផ្ដើម​របរ​តូច​មួយ​នៅក្បែរ​ផ្ទះ​កូន​រស់នៅ​តែ​ម្ដង​ទៅ គឺ​លក់​បន្លែ និង​ឥ​វ៉ាន់​បន្តិចបន្តួច ដូច្នេះ​យើង​អាច​រក​ចំណូល​បាន​ផង និង​បាន​នៅក្បែរ​កូន​ផង​”​។​

Liu បាន​យល់​ស្រប​តាម​សំណើ​របស់​ប្រពន្ធ​។ ពួកគេ​ពិតជា​បាន​ឃើញ​កូន​ទៅ​រៀន​រាល់ថ្ងៃ​ដោយ​ក្រឡេក​មើល​ពី​តូប​លក់​។ ក្រោយមក ពួកគេ​បាន​ប្ដូរ​ចិត្ត​លែង​ចង់​ផ្សះផ្សា​ជាមួយ​កូន​ទៀត​ហើយ​។ ពេលខ្លះ បុរស​ចំណាស់​នោះ​មក​ទិញ​បន្លែ​នៅ​តូប​លក់ ហើយ​ពួកគាត់​តែងតែ​លក់​បញ្ចុះតម្លៃ​ពិសេស​ឲ្យ​បុរស​ចំណាស់​នោះ និង​ឆ្លៀត​ឱកាស​បាន​សួរនាំ​ពី​រ​បី​ម៉ាត់​អំពី​សុខទុក្ខ​កូនប្រុស​នោះ​។ ទៅ​ទិញ​ញយៗ​ដង ពួកគេ​បាន​​រាប់​អាន​ក្លាយជា​មិត្ត​នឹង​គ្នា​។ បុរស​ចំណាស់​មិន​បាន​សង្ស័យ​អ្វី​ទេ ព្រោះ​មិន​មាន​រឿង​អ្វី​ប្លែក​ខុស​ធម្មតា​ទេ​។​

​រយៈពេល ៥​ឆ្នាំ​កន្លង​ផុត​ទៅ​ទៀត Liu និង Zhang បាន​ដាច់​ចិត្ត​ទាំងស្រុង​ថា មិន​ចង់​រួបរួម​ជាមួយ​កូន​វិញ​ឡើយ ប៉ុន្តែ​ទំនាក់ទំនង​ពួកគាត់ និង​កូនប្រុស​ម្នាក់​នោះ​កាន់តែ​ជិតស្និតបន្តិច​ ដោយ​មិន​បាន​និយាយ​ពី​អតីតកាល​។ កូនប្រុស​នេះ​បាន​ក្លាយជា​មនុស្ស​ពេញ​ជំទង់​។ ថ្ងៃមួយ បុរស​ចំណាស់​បាន​ដើរ​ទៅកាន់​តូប​លក់ដូរ​ដូច​សព្វដង​ប៉ុន្តែ​គាត់​បែរ​និយាយ​ទៅកាន់​ប្ដី​ប្រពន្ធ​ថា “​ខ្ញុំ​ដឹង​មូលហេតុ​អ្នក​ទាំង​ពីរ​មក​ទី​នេះហើយ ខ្ញុំ​ក៏​ដឹងថា នៅទីនេះ​មានក្មេង​​ប្រុស​ម្នាក់​ជា​កូន​​របស់​អ្នក​។ ហេតុ​អ្វី​អ្នក​មិន​ប្រាប់​ក្មេង​​​នោះ​ថា អ្នក​ជា​ម្ដាយ​ពិតប្រាកដ​ទៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​? ហេតុ​អ្វី​អ្នក​ត្រូវ​រង់ចាំ​ខ្ញុំ​ឲ្យ​និយាយ​រឿង​នេះ​ប្រាប់​កូន​នោះ​​មុន​?

​លោក Liu និង Zhang រន្ធត់​ចិត្ត​ស្រឡាំងកាំង និង​ឆ្ងល់​ថា​តើ បុរស​ចំណាស់​នោះ​ដឹង​រឿង​ពួកគាត់​តាម​របៀប​ណា​។ បុរស​ចំណាស់​បន្ថែមថា “​ខ្ញុំ​ដឹង​រឿង​នេះ​ជា​យូរ​មក​ហើយ​។ នៅពេល​អ្នកបើក​តូប​លក់ដូរ​នៅ​ទីនេះ​បាន​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​ក៏​ឲ្យគេ​ឆែក​មើល​ជីវប្រវត្តិរ​បស់​អ្នក​។ ដូច​ដែល​ខ្ញុំ​រំពឹងទុក អ្នក​មក​ទី​នេះ​គឺ​ដើម្បី​កូនប្រុស ហើយ​ខ្ញុំ​រង់ចាំ​ឲ្យ​អ្នក​និយាយ​រឿង​នេះ​ផ្ទាល់មាត់​ប្រាប់​កូន​របស់​អ្នក ប៉ុន្តែ​អ្នក​មិនបាន​ធ្វើ​ឡើយ​។ តើ​អ្នក​ពិតជា​មិន​ចង់​ជួបជុំ​កូន​វិញ​ទេ​? ខ្ញុំ​សូម​ប្រាប់​ដំណើរ​ដើ​មទង​ដែល​ខ្ញុំ​យក​កូន​នេះ​មក​រស់នៅ​ជាមួយ​ខ្ញុំ​ទៅ​ចុះ​។​

​នា​ថ្ងៃ​នោះ ខ្ញុំ​បាន​ជិះ​រថភ្លើង​ត្រលប់មក​ផ្ទះ បន្ទាប់​ពី​ប្រជុំ​កិច្ចការជំនួញ​រួចរាល់​។ ខ្ញុំ​បាន​កត់សម្គាល់ឃើញ​កូនប្រុស​អ្នក​នៅ​តែ​ម្នាក់ឯង​លើ​រថភ្លើង​ជា​យូរ​។ ខ្ញុំ​សង្ស័យថា ប្រហែលជា​មាន​អ្នកជួញដូរ​មនុស្ស​ចាប់​ពង្រត់ រួច​ទុកចោល ដូច្នេះ​ខ្ញុំ​ក៏​ប្រថុយ​ជួយ​គេ​យកមក​ផ្ទះ​ជាមួយ​ខ្ញុំ​។ ពេលនោះ ខ្ញុំ​បានឲ្យ​គេ​ដើរ​រក​ឪពុកម្ដាយ​ក្មេង ប៉ុន្តែ​រក​មិន​បាន​ឃើញ​សោះ ក៏​សម្រេច​យកមក​​ចិញ្ចឹម​តែម្ដង​។ ពេលនេះ គេ​មិន​ត្រឹមតែ​ជា​កូន​របស់​អ្នក​ទេ គេ​ក៏​ជា​កូន​របស់​ខ្ញុំ​ដែរ ខ្ញុំ​នឹង​បន្ត​មើលថែ​កូន​នេះ​ឲ្យបាន​ល្អ​ជា​រៀងរហូត សូម​អ្នក​កុំ​បារម្ភ​។​

​គ្រាន់តែ​និយាយ​ចប់ លោក Liu និង​អ្នកស្រី Zhang ស្រាប់តែ​ក្ដុកក្ដួល​ចិត្ត ហូរ​ទឹកភ្នែក​មិនដឹង​ខ្លួន​។ ពួកគេ​លុតជង្គង់​នៅ​ពីមុខ​បុរស​ចំណាស់​ហើយ​និយាយ​ថា “​លោក​ជា​អ្នក​ជួយ​សង្គ្រោះ​ជីវិត​កូនប្រុស​ពួកយើង យើង​ពិតជា​ត្រេកអរ និង​ដឹងគុណ​ចំពោះ​លោក​ជា​រៀងរហូត​ ខ្ញុំ​នឹង​មិន​យក​គេ​ទៅ​វិញ​ឡើយ​”៕

Loading...