kalib9

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឲ្យប្រជាពលរដ្ឋត្រៀមម៉ាស៊ីនភ្លើង ខណ:កម្ពុជានឹងខ្វះខាតអគ្គិសនីប្រើម្ដងទៀត

បន្ទាប់ពីមានបញ្ហាកង្វះខាតអគ្គីសនីម្តងរួចមកហើយ កាលពីថ្ងៃ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍អភ័យទោសទុកមុនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករ ចំពោះកង្វល់នៃកង្វះអគ្គីសនីដែលអាចកើតមានឡើងនាពេលខាងមុខនេះ។

បញ្ហាកង្វះខាតអគ្គីសនីជាថ្មីម្តងទៀតនេះ បណ្តាលមកពីការផលិតអគ្គីសនីដោយថាមពលទឹកអាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ ។ បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល ឲ្យដឹងថាការផលិតថាមពលអគ្គីសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ ១,៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ -១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះយើងអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គីសនី។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គីសនីប្រមាណ ២០០មេហ្គាវ៉ាត់ពីប្រទេសឡាវដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួន២ ដែលមានអនុភាពផលិតកម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំងល្វាឯម ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។

ការរៀបចំនេះរំពឹងថានឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០ លានដុល្លាអាមេរិក ក្នុងនោះមានម៉ាស៊ីនអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីនអគ្គីសនី ២០០ មេហ្គាវ៉ាត់មួយទៀតទិញមកពីប្រទេសហ្វាំងឡង់។

ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល កំពុងដុតដៃដុតជើងបង្កើនចំនួនកម្មករធ្វើការងារទាំងយប់ទាំងថ្ងៃនៅការដ្ឋាន ដើម្បីឈានឲ្យគម្រោងរៀបចំអគ្គីសនីនេះអាច បានដំណើរការលឿនឆាប់ៗ ។

Loading...

ជាចុងក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់សណ្ឋាគារទាំងឡាយ សូមប្រើប្រាស់ម៉ាស៊ីអគ្គីសនីផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គីសនី ទម្រាំរដ្ឋាភិបាលរៀបចំរួចរាល់ហើយ៕

ប្រភព Business Cambodia

Loading...