kalib9

ព្រះអើយ!! ហោះ Drone ផង , មុជទឹកផង , នាវាផង រកតាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង តែនៅមិនឃើញ, ខណៈព័ត៌មានចុងក្រោយ នារីរងគ្រោះ ទើបស្គាល់មិត្ភភ័ក្រម្នាក់ជាជនជាតិហូឡង់ មុនពេលបាត់ខ្លួន…

យោងតាមផេកប្រជាជន ខេត្តព្រះសីហនុ បានរៀបរាប់ឲ្យដឹងថា៖ ក្នុងនាមគណៈបញ្ជាការខេត្ត ឯកឧត្តម គួច ចំរើន បន្ដដឹកនាំផ្ទាល់ ក្នុងប្រតិបត្តិការស្វែងរក នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួន គិតត្រឹមម៉ោង ៣រសៀលនេះកម្លាំងគ្រប់ប្រភេទ កំពុងបន្ដប្រតិបត្តិការស្វែងរក ដោយឥតថមថយឡើយ ។ ចំពោះមុខនេះ ឯកឧត្តម គួច ចំរើន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយកំលាំងគ្រប់ផ្នែក តាមរកនៅតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម នៅតាមកន្លែងស្នាក់នៅនានា នៅលើកោះរ៉ុង និងកន្លែងដែលនារីនោះ បានទៅលេងរួមទាំងក្រុមមុជទឹក(diving)ផង ធ្វើយ៉ាងណារកអោយអស់លទ្ធភាព។ សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ ។

យោងតាមប្រភពពីលោកពូហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា៖ ខេត្តព្រះសីហនុ-មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃទី២៧តុលា២០១៩នេះ ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តចុះរុករកស្ត្រីជនជាតិអង់គ្លេសមួយរូបឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង ក្នុងភូមិសាស្ត្រភូមិកោះតូចសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង តាំងថ្ងៃទី២៤តុលា២០១៩ ក្នុងនោះក៍មានវត្តមានឯកឧត្តមនី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជានិង ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិផងដែរ។ មន្ត្រីផ្លូវការនានាដែលចូលរួមប្រតិបត្តិការរុករកនេះថ្លែងថា ក្រោយការបាត់ខ្លួនស្ត្រីជនបរទេសរូបនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានព្យាយាមស្វែងរកដែរ ប៉ុន្តែមិនទាន់ប្រទះឃើញ ទើបនៅថ្ងៃ២៧តុលានេះ កម្លាំងធំរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំផ្ទាល់ដោយឯកឧត្តមអភិបាលខេត្ត បើកប្រតិបត្តិការរុករកនៅលើកោះនេះ ទាំងនៅលើគោកនិងក្នុងទឹកសមុទ្រដោយមានការចូលរួមពីក្រុមអ្នកមុជទឹកផងដែរ។

លោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា គេបានឃើញស្ត្រីរូបនោះចុងក្រោយ មុនបាត់ខ្លួន នៅវេលាម៉ោង៣,៣០ទាបភ្លឺថ្ងៃទី២៤តុលា២០១៩ ក្នុងពិធីជប់លៀងមួយនៅកោះរ៉ុង ក្រោយមកក៏បាត់ដំណឹងតែម្តង។ លោកស្នងការរងបញ្ជាក់បន្ថែមថា ស្ត្រីដែលបាត់ខ្លួននេះមានមិត្តភក្ត័ ម្នាក់ជាជនជាតិហូឡង់ ដែលទើបស្គាល់ គ្នានៅពេលមកលេងប្រទេសកម្ពុជា និងថា នាងមានឪពុកធ្វើការនៅប្រទេសវៀតណាម។ ទោះជាយ៉ាងនេះក្តី មន្ត្រីនៅមិនទាន់បញ្ជាក់បានថា ការបាត់ខ្លួនរបស់ស្ត្រីជនជាតិអង់គ្លេសរូបនេះ ជាការវង្វេងផ្លូវជាប់ក្នុងព្រៃលើកោះដូចជនបរទេសមួយចំនួនដែលធ្លាប់វង្វេងក្នុងព្រៃលើកោះនេះកន្លងមក ឬមានហេតុការណ៍អ្វីផ្សេងនៅឡើយ៕

Loading...

ប្រភព KHMERNOTE

Loading...